នេះជាសញ្ញាមួយចំនួនដែលបញ្ចាក់ប្រាប់ថា កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកកំពុងតែឡើងខ្ពស់

រឿងដំបូងដែលមនុស្សភាគច្រើនបានគិតដល់ នៅរាល់ពេលដែលនិយាយអំពីកម្រិតជាតិស្ករខ្ពស់ក្នុងឈាមនោះ គឺ បញ្ហាជម្ងឺទឹកនោមផ្អែម។ វាជាស្ថានភាពគ្រោះថ្នាក់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត ប៉ុន្តែនៅមុនពេលដែលបុគ្គលណាម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជម្ងឺនេះ រាងកាយរបស់ពួកគេក៏បានបង្ហាញនូវរោគសញ្ញាទាក់ទងនឹងកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេ គឺកំពុងឡើងខ្ពស់។ ខាងក្រោមជានេះសញ្ញាសំខាន់ៗមួយចំនួនដែលកើតមានលើរាងកាយ នៅពេលណាដែលកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកឡើងខ្ពស់ហួស ៖
១. បត់ជើងតូចញឹក ឬច្រើនដង

ការបត់ជើងតូចច្រើនដង ជាពិសេសនៅពេលយប់ គឺជារោគសញ្ញាមួយនៃជម្ងឺទឹកនោមផ្អែម។ នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើងច្រើន តម្រង់នោមរបស់អ្នកនឹងធ្វើការបញ្ចេញវាតាមរយៈទឹកនោម។ ម្យ៉ាងទៀត ប្រសិនបើអ្នកមានកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់ពេកនោះ អ្នកងាយនឹងទទួលនូវការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោមដែលបណ្ដាលឲ្យអ្នកបត់ជើងតូចហួសប្រមាណ។ អ្នកក៏ប្រហែលជាស្រេកទឹកជាងមុនផងដែរ ដោយសារតែអ្នកបានបាត់បង់ជាតិទឹកច្រើនពេក។
២. ស្រវាំងភ្នែក ឬព្រិលភ្នែក

នៅពេលកម្រិតជាតិស្ករកើនឡើងខ្ពស់ពេក ​​​វាអាចបណ្ដាលឲ្យកែវភ្នែកប្រែជាហើម ហើយផ្លាស់ប្ដូរទម្រង់ដែលជាលទ្ធផលនៃការផ្លាស់ប្តូរចំពោះខ្សែចក្ខុ។ អ្នកគួរតែ ប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ ប្រសិនណាបើអ្នកនៅតែមើលមិនឃើញច្បាស់ ទោះជានៅពេលពាក់វ៉ែនតាហើយក៏ដោយ។
៣. ពិបាកក្នុងការផ្ដោត ឬ ប្រមូលអារម្មណ៍

នៅពេលដែលរាងកាយកំពុងតែខ្វះអាំងស៊ុយលីន គឺវាមិនអាចកាត់បន្ថយកម្រិតគ្លុយកូសចេញពីចរន្តឈាមចូលទៅក្នុងកោសិកាបាននោះទេ។ ជាលទ្ធផលមុខងារនៃរាងកាយមិនអាចដំណើរការបានដូចប្រក្រតី ហើយនេះជាមូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ និងមិនអាចផ្តោតអារម្មណ៍បានត្រឹមត្រូវ។
៤. ឈាមអញ្ចាញធ្មេញ

អាការៈឡើងក្រហម ហើម និងហូរឈាមអញ្ចាញអាចជាសញ្ញាមួយដ៏ប្រាកដ នៃកម្រិតជាតិស្ករបានកើតឡើងខ្ពស់ក្នុងឈាម។ ដោយសារតែការកើនឡើងនៃជាតិស្ករ វាបានធ្វើឲ្យមាត់របស់អ្នកក្លាយជាកន្លែងដែលកាន់តែទាក់ទាញសម្រាប់បាក់តេរី ហើយបាក់តេរីទាំងនេះបណ្តាលឲ្យអញ្ចាញធ្មេញរបស់អ្នកប្រែជារលាកនិងត្រូវការពេលវេលាយូរដើម្បីជាសះស្បើយ។ ប្រសិនបើអ្នកសម្គាល់ឃើញថា អញ្ចាញធ្មេញរបស់អ្នកងាយនឹងហូរឈាម ហើយតែងកើតឡើងនៅពេលដុសធ្មេញនោះ វាជាសញ្ញាធ្ងន់ធ្ងរមួយហើយ។
៥. ស្បែកស្ងួត និងរមាស់

នៅពេលដែលចរន្តឈាមរត់តាមរាងកាយចុះខ្សោយ ឬហូរតិចនោះ វានឹងបណ្ដាលឲ្យស្បែកប្រែជារមាស់។ តំបន់នៃរាងកាយដែលងាយនឹងរងផលប៉ះពាល់ជាងគេនោះ គឺផ្នែកខាងក្រោមនៃជើងរបស់អ្នក។
៦. ស្ងួតបបូរមាត់

នៅពេលដែលកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់នោះ កម្រិតគ្លុយកូសនៅក្នុងទឹកមាត់និងឈាមក៏កើនឡើងខ្ពស់ដែរ ហើយជាហេតុបណ្ដាលឲ្យមាត់របស់អ្នកប្រែជាស្ងួត។
៧. ដុះខ្លាញ់ក្បាលពោះហួសប្រមាណ

វាជារោគសញ្ញាដ៏សាមញ្ញបំផុតមួយរបស់អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ អាហារដែលអ្នកបានទទួលទានទាំងអស់ មិនអាចចូលទៅក្នុងកោសិកាផ្សេងៗ ដើម្បីផ្ដល់ជាថាមពលដែលនឹងជួយកោសិកានោះទេដូច្នេះវានឹងធ្វើឲ្យអ្នក មានអារម្មណ៍ថាឃ្លានម្ដងទៀត។
៨. អសមត្ថភាពផ្លូវភេទ

បញ្ហានេះសំដៅតែទៅលើបុរសប៉ុណ្ណោះ។ ជាធម្មតាបុរសដែលមានជម្ងឺទឹកនោមផ្អែមពុំមានសមត្ថភាពផ្លូវភេទនោះទេ បញ្ហានេះកើតឡើងដោយសារតែការគ្រប់គ្រងជាតិស្ករក្នុងឈាមមានរយៈពេលយូរ ហើយវាក៏បណ្ដាលឲ្យមាន ការខូចខាតទៅដល់សសៃប្រសាទ និងសសៃឈាម។
ប្រភព៖ Providr
Link: https://komsan.khmernotes.com/news/25993

Comments