របៀបរៀបចំកន្លែងធ្វើការអោយត្រូវតាមក្បួនហុងស៊ុយ

តុ និងបន្ទប់ធ្វើការ ជាកន្លែងដែលអ្នកត្រូវចំណាយពេលសឹងតែពេញមួយថ្ងៃ ដើម្បីបំពេញការងារ​ប្រចាំថ្ងៃរបស់អ្នក។ ការរៀបចំទុកដាក់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៃការិយាល័យ​សុទ្ធតែ​ជា​កត្តាដ៏សំខាន់ដែលអាចជួយជម្រុញដល់ប្រសិទ្ធភាពការងារជាក់ស្តែងផងដែរ។ ប៉ុន្តែប្រហែល​ជា​មិនមែនគ្រប់គ្នាសុទ្ធតែអាចមានបន្ទប់ និងតុធ្វើការរបស់ខ្លួនមានរបៀបរៀបរយ និងមានសណ្តាប់​ធ្នាប់​នោះឡើយ។ ដូចនេះ ដើម្បីឲ្យបន្ទប់ការិយាល័យរបស់អ្នក មានសណ្តាប់ធ្នាប់ និងផាសុកភាព​ល្អនោះ អ្នកអាចសាកល្បងនូវវិធីងាយៗដូចខាងក្រោម៖  
១. ពន្លឺក្នុង​បន្ទប់
  
បន្ទប់ការិយាល័យដែលងងឹត មិនមានពន្លឺគ្រប់គ្រាន់ ធ្វើឲ្យយើងមានអារម្មណ៏មិនស្រស់ថ្លា និងធ្វើឲ្យមានអារម្មណ៏ធុញថប់យ៉ាងឆាប់រហ័ស។ ការិយាល័យដែលមានកម្រិតពន្លឺល្អបំផុត គឺការិយាល័យដែលមានបង្អួច និងអាចឲ្យពន្លឺធម្មជាតិចូលមកក្នុងបរិវេណបន្ទប់បានច្រើន។ ប៉ុន្តែប្រសិនបើបន្ទប់របស់អ្នកមិនអាចមានដូចនេះទេនោះ អ្នកអាចប្រើប្រាស់នូវពន្លឺភ្លើង​ដើម្បីបំភ្លឺបន្ទប់ឲ្យភ្លឺ ប៉ុន្តែមិនឲ្យចាំងចែងជ្រុល។
 ២. សណ្តាប់ធ្នាប់
  
 
ត្រូវរៀបចំបរិវេណក្នុងការិយាល័យរបស់អ្នកឲ្យទូលាយ និងមានសណ្តាប់ធ្នាប់ដើម្បីកុំឲ្យអ្នកមានអារម្មណ៏ស្មុគ ដែលនឹងអាចបន្ថយប្រសិទ្ធភាពការងារ។ អ្នកគួររៀបចំ ទុកដាក់ឯកសារ និងសម្ភារៈផ្សេងៗទៅតាមកន្លែងឲ្យមានរបៀបរៀបរយ ជាពិសេសបន្ទាប់ពីប្រើប្រាស់រួច ត្រូវយកវាទៅដាក់កន្លែងដើមវិញភ្លាមៗ។
 ៣. រៀបចំទុកដាក់ឯកសារ
  ការរៀបចំទុកដាក់បានល្អមិនត្រឹមតែជួយសម្រួលដល់ប្រសិទ្ធភាពការងារនោះទេ វាក៏អាចធ្វើ​ឲ្យ​អ្នក​មានអារម្មណ៏ស្រស់ថ្លា និងសប្បាយរីករាយក្នុងការបំពេញការងារផងដែរ។ អ្នកប្រាកដជាធុញទ្រាន់ នៅពេលដែលត្រូវកាយរកឯកសារ ឬវត្ថុអ្វីមួយពីក្នុងគំនរឯកសារ ឬសម្ភារៈដែលមិនបាន​រៀបចំ​ទុក​ដាក់ឲ្យបានសមគួរទៅតាមទីកន្លែងដែលងាយស្រួលរក។ ដូចនេះ អ្នកអាចដាក់នូវទូរ ឬធ្នើ សម្រាប់​ដាក់ និងរៀបចំឯកសារឲ្បបានរៀបរយល្អ។   
៤. បន្ទប់ធ្វើការ ឲ្យជាក់លាក់
 
កុំព្យាយាមយកបន្ទប់ធ្វើការរបស់អ្នក មកប្រើប្រាស់ក្នុងហេតុផលអ្វីផ្សេង ឬធ្វើការងារអ្វីផ្សេងពី​ការងា​រ​គោលរបស់អ្នក។ អ្នកគួរតែមានបន្ទប់មួយជាក់លាក់ សម្រាប់ការងារជាក់លាក់មួយ បើមិន​ដូចនោះទេ បន្ទប់ការិយាល័យរបស់អ្នកនឹងបាត់បង់នូវរបៀបរៀបរយ។  
៥. សីតុណ្ហភាពសមរម្យ
  មិនថាអ្នកជាមនុស្សដែលចូលចិត្តសីតុណ្ហភាពបែបណានោះទេ អ្នកត្រូវតម្រូវសីតុណ្ហភាពក្នុង​​ បន្ទប់និងកន្លែងធ្វើការរបស់អ្នកឲ្យសម ត្រូវទៅនឹងអ្វីដែលអ្នកគិតថាអាច​មានផាសុកភាព​សម្រាប់​អ្នកបាន។ ប្រសិនបើអ្នកធ្វើការរួមជាមួយអ្នកដទៃក្នុងបន្ទប់ជាមួយគ្នា អ្នកគួរពិភាក្សាថា​តើសីតុណ្ហភាព​បែបណា ដែលអ្នកទាំងអស់គ្នាពេញចិត្តនៅក្នុងបរិវេណបន្ទប់របស់អ្នក។
៦. រៀបចំទុកដាក់ ខ្សែភ្លើង
 
  ខ្សែភ្លើង រញ៉េរញ៉ៃច្រើន អាចជាកត្តាធ្វើឲ្យបន្ទប់របស់អ្នកបាត់បង់សោភ័ណភាព។ ដូចនេះ អ្នកគួរ​ចងខ្សែភ្លើងទៅតាមប្រភេទ ឲ្យវានៅផ្តុំគ្នា កុំឲ្យវាបែកចេញពីគ្នារញ៉េរញ៉ៃ ដើម្បីរក្សាសណ្តាប់ធ្នាប់​ក្នុងបន្ទប់របស់អ្នកឲ្យបានស្អាត។  
៧. តុបតែង លម្អ
 
  បន្ទប់ការិយាល័យរបស់អ្នក ជាកន្លែងដែលអ្នកធ្វើការផ្ទាល់ ជាកន្លែងដែលអ្នកជាម្ចាស់ផ្ទាល់ ដូចនេះ ការតុបតែងលម្អទៅតាមចំណូលចិត្តរបស់អ្នកជាវិធីសាស្រ្តដើម្បីបង្កើនសោភ័ណភាព ក៏ដូចជាភាពទាក់ទាញនៃកន្លែង និងបរិវេណផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ប៉ុន្តែទោះជាយ៉ាង​ណា​ក៏ដោយ កុំធ្វើការតុបតែងការិយាល័យរបស់អ្នកឲ្យហួសពីអ្វីដែលកន្លែងធ្វើការរបស់អ្នក​អនុញ្ញាតឲ្យសោះ៕  ប្រភពមកពី http://anarchak.com/article/4092

Comments