វ៉ាន់ នីឡា ស្រឡាំងកាំង និងតក់ស្លុត ពេលឃើញអតីតគូស្នេហ៍ដោយចៃដន្យ

កាលពីថ្ងៃទី ១៥ សីហា ឆ្នាំ​២០១៧ កន្លងទៅនេះ កញ្ញា វ៉ាន់ នីឡា ទទួលបានការវិនិច្ឆ័យពីតុលាការឲ្យក្លាយជាភាគីឈ្នះក្ដី ដោយ​ផ្តន្ទា​ទោស​អតីតូស្នេហ៍លោក គុយ សិទ្ធិស័ក្ត ​ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ និង​អោយ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​ ២០០លាន​រៀល​។ ស្រាប់តែកាលពីថ្មីៗនេះ ក៏មានព័ត៌មានមួយថា កញ្ញាបានជួបនឹងគូស្នេហ៍ដោយចៃដន្យ នៅម្តុំបុរីទួលសង្កែ ខណៈអតីតគូស្នេហ៍របស់នាងកំពុងតែជិះកង់កាត់មុខធ្វើដូចជាធម្មតាគ្មាន រឿងអ្វីកើតឡើង ទាល់តែសោះ។ ហេតុការណ៍នេះធ្វើឲ្យ វ៉ាន់ នីឡា មានការភ្ញាក់ផ្អើលស្រឡាំងកាំង និងតក់ស្លុតតែម្ដង ដោយសារតែមានការភ័យខ្លាចបារម្ភនឹងសុវត្ថិភាពផ្ទាល់ខ្លួន ខណៈពេលដែលជនជាប់ចោទមិនទាន់បានចូលខ្លួន ទៅអនុវត្តទោសរបស់គេនៅតុលាការនៅឡើយ។
តែយ៉ាងណាក្ដី នាងបាននិយាយថា វាអាចគ្រាន់តែជាការភ័យខ្លាចរបស់នាង រឺគ្រាន់តែជាការចៃដន្យក៏ថាបាន។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធមានកេរ្តិ៍ឈ្មោះមួួយរូប និងជាបងប្រុសរបស់កញ្ញា វ៉ាន់ នីឡា បានចោទជាសំនួរឡើងថា៖ “សេរីភាពជនល្មើស ក្រោយប្រកាសសាលក្រម ជិះកង់ដើរលេង តើជនជនរងគ្រោះ គួរគិតម៉េចពីសុវត្ថភាពផ្ទាល់ខ្លួន? អ្នកណាអ្នកទទួលខុសត្រូវ? រឺត្រូវទៅប្តឹងទុក ដើម្បីសុវត្ថិភាពខ្លួនម្តងទៀត? សូមជួយឆ្លើយផង ខ្ញុំពិតជាល្ងង់មែន”។ យ៉ាងណាមិញ កញ្ញា វ៉ាន់ នីឡា ក៏សង្ឃឹមថា សាលក្រមនឹងប្រកាស ចាត់វិធានការឆាប់ៗ មិនគួរអូសបន្លាយ ព្រោះនាងពិតជាមិនអាចមានអារម្មណ៍សុវត្ថិភាព​ និងកក់ក្ដៅបានទេ ដរាបណាជនល្មើសនៅតែមានសេរីភាពដូចធម្មតា៕


ប្រភពពីKhmernote

Comments