វៀតណាមបង្កើនការនាំចូលផ្លែឈើ ខណៈប្រជាជនលែងទុកចិត្តបន្លែផ្លែឈើក្នុងស្រុក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្លែ ផ្លែឈើ និងផលិតផលកសិកម្មផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ភាគច្រើនត្រូវបាននាំចូលពីបណ្តាប្រទេសជិតខាង ខណៈពេលដែលប្រជាជនវៀតណាម បាត់ទំនុកចិត្ត លែងហ៊ានទទួលទៀនបន្លែ ផ្លែឈើក្នុងស្រុក ដោយសារតែគ្មានសុវត្ថិភាព និងគ្មានគុណភាព។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាមបានចំណាយប្រាក់ប្រមាណ ៦៥៩លានដុល្លារអាមេរិក នាំចូលបន្លែ ផ្លែឈើពីប្រទេសជិតខាង ក្នុងឆមាសទី១ ឆ្នាំនេះ ដែលមានកើនឡើងប្រមាណ ៥០ភាគរយជារៀងរាល់ឆ្នាំ។ តាមរបាយការណ៍​ដដែលបាន​ឲ្យដឹងទៀតថា បន្លែ ផ្លែឈើដែលបាននាំចូលពីប្រទេសជិតខាងអាចលក់បានក្នុងតម្លៃខ្ពស់ជាង និងលក់ដាច់ជាង បន្លែ ផ្លែឈើក្នុងស្រុក តួយ៉ាង ផ្លែប៉ោមនាំចូលពីប្រទេសថៃ អាចលក់បានក្នុងតម្លៃពី ២.៤៣ ដល់ ៣ដុល្លារក្នុងមួយគីឡូ ខណៈពេលដែលផ្លែមង្ឃុត អាចលក់បានក្នុងតម្លៃ ៣.៣ដុល្លារក្នុងមួយគីឡូ។ លោកស្រី Nguyet Anh ដែលជាអាជីវករនៅក្នុងតំបន់ ក្នុងប្រទេសវៀតណាម បានមានប្រសាសន៍ថា លោកស្រីតែងតែធ្វើការកម្ម៉ង់ទិញផ្លែប៉ោម ផ្លែទំពាងបាយជូរ ផ្លែ pears និងផ្លែ kiwi ជាដើមពីក្រៅប្រទេស ដោយសារតែផ្លែឈើនៅក្នុងស្រុក មិនមានសុវត្ថិភាព និងគុណភាព ហើយប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់សុខភាពខ្ពស់ពេក។ យោងតាមមន្ត្រីប្រចាំការ​នៅផ្សារទំនើបក្នុងប្រទេសវៀតណាមបានឲ្យដឹងថា ផ្លែឈើជាច្រើនប្រភេទដែលដាក់លក់នៅក្នុងផ្សារទំនើប ភាគច្រើនបាននាំចូលមកពីប្រទេសកូរ៉េ ប្រទេសថៃ និងប្រទេសអូស្ត្រាលីជាដើម៕

ប្រភពពី​​ business-cambodia

Comments