ចូលរួមអបអរសាទរ! និស្សិតខ្មែរទី១ រៀននៅសកលវិទ្យាល័យ AUPP ​បានទៅបំពេញ​កម្មសិក្សានៅអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ យុវជន គា សាន់ណឺ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ ​នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានក្លាយ​ជា​និស្សិតខែ្មរទី១ដែលទទួលបានឱកាសទៅ​បំពេញ​កម្មសិក្សា នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាប្រចាំ​អង្គការ​​សហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកសម្រាប់រយៈពេល​៣ខែចាប់ពីខែមិថុនា ដល់ខែសីហាឆ្នាំ២០១៧។និស្សិត គា សាន់ណឺ ចាត់ទុកជានិស្សិតកម្ពុជា ដំបូងមកពីសាកលវិទ្យាល័យឯកជន ដែលទទួលបានឱកាសដ៏ពិសេសនេះ ក្នុងការអភិវឌ្ឍជំនាញ​ សមត្ថភាព និងបទពិសោធន៍ពីអង្គការលំដាប់ពិភពលោក ហើយខ្លួនពិតជាមាន​មោទនភាព​យ៉ាង​ក្រៃលែង ដែលបានក្លាយតំណាងរបស់និស្សិត​ សាកលវិទ្យាល័យ AUPP ក៏ដូចជាតំណាង​របស់​កម្ពុជា នៅលើឆាក​អន្តរជាតិ។និស្សិតរូបនេះ បានកោតសរសើរចំពោះ​​ការផ្តល់ឱកាស ​សម្រាប់ការ​ចុះ​កម្មសិក្សា របស់សាកលវិទ្យាល័យ AUPP ថា «បរិយាកាស​កម្មសិក្សាការងារ បានធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ជីវិតថ្មីៗជាច្រើន ជាពិសេស​នៅពេល​ជួបបញ្ហាត្រូវដោះស្រាយ ការចេះគ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាព ការបង្កើតបណ្តាញទំនាក់ទំនង ការបង្កើតបទបញ្ជាផ្សេងៗ ការរៀបចំផែនការការងារ ការវិភាគទិន្នន័យ ជាដើម​»។ក្រោយពីបញ្ចប់កម្មសិក្សាភ្លាម យុវជន គា សាន់ណឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមាននិស្សិត AUPP ក៏ដូចជានិស្សិតខ្មែរផ្សេងៗទៀត នឹងទទួលបានឱកាស​កម្មសិក្សាដូចគ្នានេះ ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈ ទទួលបានការដកពិសោធន៍ពីការងារ និងការអនុវត្តចំណេះដឹង ដែលទទួលបានពីការអប់រំ ក្នុងបរិយាកាសការងារជាក់ស្តែង។កម្មសិក្សានេះ ផ្តោតសំខាន់​លើការទំនាក់ទំនង​ប្រកបដោយជំនាញ​វិជ្ជាជីវៈ របៀបរបបធ្វើការងារនៅអង្គការសហប្រជាជាតិ និងការប្រាស្រ័យទាក់ទង ជាមួយមន្ត្រីជាន់ខ្ពស់តាមផ្នែកនីមួយៗ ដូចជា មន្រ្តីការទូតមកពីប្រទេសនានា ជុំវិញពិភពលោក និងមន្រ្តីជាន់ខ្ពស់របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលជាតំណាងប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ តាមរយៈកម្មវិធីកម្មសិក្សានេះ និស្សិត គា សាន់ណឺ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​ ចំពោះ​សាកលវិទ្យាល័យ AUPP, ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃ​​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និងក្រសួងការបរទេសកម្ពុជា ដែលបានផ្តល់ឱកាសកម្មសិក្សា ដ៏មានសារៈប្រយោជន៍នេះ។
AUPP បាននិង​កំពុងផ្តល់ឱកាសកម្មសិក្សាទាំងក្នុង និងក្រៅប្រទេសសម្រាប់និស្សិតទាំងអស់​ ដើម្បីឲ្យពួកគាត់ទទួល បាននូវ​បទពិសោធន៍ការងារ អភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន​ សំដៅជំរុញឲ្យ​​ទទួលបានជោគជ័យ​ ក្នុងអាជីពការងារក្រោយពីបញ្ចប់ការសិក្សា​។ ក្រៅពីនៅអង្គការសហប្រជាជាតិ ​AUPP បានបញ្ជូននិស្សិតទៅចុះកម្មសិក្សា នៅតាមក្រុមហ៊ុន និងស្ថាប័នធំៗ និងកំពូលៗនៅក្រៅប្រទេសមួយចំនួនទៀត ដូចជា អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង​ អគ្គលេខាធិការអាស៊ាន នៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី នៅថៃ ហ្វីលីពីន និងសឹង្ហបុរីជាដើម​។
AUPP ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ សម្រាប់និស្សិតថ្មី និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ដំណាច់ ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕

ប្រភពមកពី៖ Fresh News
Link: http://www.freshnewsasia.com/index.php/en/localnews/115-localnews-facebook/63977-aupp.html

Comments