ភ្នំពេញ ៖ លោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នេះបានចេញដីកាបង្គាប់ឲ្យឃុំខ្លូនជាបណ្ដោះអាសន្នអតីតបុគ្គលិកផ្នែកទីផ្សារ និងគ្រប់គ្រងការផលិតកាត ATM របស់ធនាគារអេស៊ីលីដា ក្រោមការចោទប្រកាន់ពីបទលួចពាក់ព័ន្ធករណីលួចប្រាក់ចំនួន១០ម៉ឺនដុល្លារ ពីធនាគារតាមរយៈកាត ATM ។
ជនជាប់ចោទមានឈ្មោះ លាង សារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជាបុគ្គលិកផ្នែកទីផ្សារ និងគ្រប់គ្រងការផលិតកាតអេធីអឹម របស់ធនាគារអេស៊ីលីដា មានទីតាំងធំនៅក្បែរក្រសួងព័ត៌មាន ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រឈមមុខការចោទប្រកាន់ពីបទលួចប្រាក់នេះ ឈ្មោះ លាង សារ៉ា បានសារភាពថា ខ្លួនគេពិតជាបានលួចដកប្រាក់របស់ធនាគារមែន ប៉ុន្តែចំនួនទឹកប្រាក់ដែលលួចបានមានប្រហែលជា៦ម៉ឺនដុល្លារប៉ុណ្ណោះ មិនមែន១០ម៉ឺនដូចការចោទប្រកាន់ទេ ។
លោក លាង សារ៉ា ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្នទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០សីហា ឆ្នាំ២០១៧ នៅក្នុងធនាគារអេស៊ីលីដា ។
ក្រោយឃាត់ខ្លួននៅថ្ងៃទី៣១ សីហា នគរបាលបានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូង ប្រគល់ខ្លួនជនសង្ស័យអោយព្រះរាជអាជ្ញាធ្វើការសាកសួរ ។ ក្នុងនោះបន្ទាប់ពីកាសាកសួរ តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ លាង សារ៉ា ពីបទលួច ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទអោយចៅក្រមសម្រេចតាមនីតិវិធី ។
នៅព្រឹកថ្ងៃទី ៣១ សីហាដដែល លោកចៅក្រម លាង សំណាត់ ចៅក្រមសើបសួរក្នុងសំណុំរឿងបានចេញដីកាសម្រេចដាក់ឃុំខ្លួនជនត្រូវចោទក្នុងពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន តាមការចោទប្រកាន់របស់តំណាងអយ្យការ ។
ពាក់ព័ន្ធករណីលួចប្រាក់ច្រើនសន្ធឹកសន្ធាប់ពីធនគារអេស៊ីលីដានេះ សមត្ថកិច្ច បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១២ កន្លងទៅ ឈ្មោះ លាង សារ៉ា មានតួនាទីជាមន្ត្រីផ្នែកគ្រប់គ្រងទិនន្ន័យលេខកូដសម្ងាត់កាតអេធីអឹម បស់ធនាគារអេស៊ីលីដា ។ ក្នុងតួនាទីនេះ ជនសង្ស័យបានលួចផលិតកាតអេធីអឹមមួយផ្ទាល់ខ្លួន ដើម្បីលួចដកប្រាក់ពីទូរអេធីអឹមរបស់ធនាគារអេស៊ីលីដាបន្តិចម្ដងៗរាប់ឆ្នាំមកហើយ ដោយពុំមាននរណាម្នាក់ ដឹងទាល់តែសោះ ។ រហូតមកដល់ឆ្នាំ២០១៧នេះ ទើបការបាត់បង់ប្រាក់មានទំហំធំទើបផ្នែកជំនាញបានតាមដានការប្រើប្រាសលេខកូដអេធីអឹម របស់បុគ្គលិកធនាគារផ្ទាល់ ទើបរកឃើញថាឈ្មោះ លាង សារ៉ា បានប្រើលេខកូដពិសេសក្នុងការលួចដកប្រាក់ពីធនាគារ ទើបធនាគារប្ដឹងមកសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ៕
ប្រភពមកពី៖ https://angrut.com/archives/19267
ប្រភពមកពី៖ https://angrut.com/archives/19267
Comments
Post a Comment