៤ ចំណុចដែលត្រូវដឹងចំពោះអ្នកដែលមានគម្រោងចង់បើកហាងកាហ្វេ Amazon!

ប្រិយមិត្តប្រហែលជាចាប់អារម្មណ៍ហើយថានៅប្រទេសកម្ពុជាសព្វថ្ងៃជាពិសេសនៅរាជធានីភ្នំពេញអាជីវកម្មកាហ្វេបានរីកព្រោងព្រាត ដោយមានទាំងហាងខ្មែរ និងហាងបរទេស ហើយក្នុងនោះគេក៏សង្កេតឃើញស្លាកយីយោកាហ្វេ​ល្បីមួយពីប្រទេសថៃ គឺ ហាងកាហ្វេអាម៉ាហ្សុន (Cafe Amazon) ដែលមានការគាំទ្រមិនចាញ់​ហាងកាហ្វេ​​​ដែលបើកមុនៗឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ហាងកាហ្វេនេះថែមទាំងមាន​ការលក់សិទ្ធិធុរកិច្ចដល់អាជីវករទាំងឡាយណាដែលមានចំណាប់អារម្មណ៍ និងលទ្ធភាពបំពេញ​លក្ខខណ្ឌគ្រប់គ្រាន់។ ចង់ដឹងថាលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ សូមតាមដានចំណុចខាងក្រោម​ដែលដកស្រង់ចេញពីទំព័ររបស់ហាងកាហ្វេនេះតែម្ដង។ សូមជម្រាបជូនលោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកវិនិយោគទុនមេត្តាជ្រាប ពីលក្ខខណ្ឌខ្លះៗ ទាក់ទងនឹងការសុំសិទ្ធិធុរកិច្ច Café Amazon Franchise ដែលមានជាបន្តបន្ទាប់ដូចតទៅ៖ ១. លក្ខណៈវិនិច្ឆ័យចំពោះទីតាំង ទីតាំងលោកអ្នក​ត្រូវស្ថិតក្នុងទីប្រជុំជន មានចរាចរនៃអ្នកដំណើរឆ្លងកាត់ស្ថិតក្នុងកម្រិតខ្ពស់ដែល​អាចទទួលយកបាន ដូចជានៅជិតសាលារៀន គ្រឹះស្ថានឧត្តមសិក្សា មន្ទីរពេទ្យ និង​អគារការិយាល័យ​ជាដើម។ ល។ទីតាំងលោកអ្នកថែមទាំងស្ថិតនៅក្បែរតំបន់ដែលជាទីពេញនិយមនៃយុវវ័យសម័យថ្មី ដែលមានចំណង់ចំណូលចិត្ត និងរចនាបទនៃជីវិតតាមបែបផែនយុគសម័យថ្មី ។ លើសពីនេះទៅទៀត ទីតាំងរបស់លោកអ្នកអំណោយផលមានចំណតងាយស្រួល ព្រមទាំង មានទីតាំងស្ថិតនៅឆ្ងាយពី ហាងកាហ្វេអាម៉ាហ្សូនដែលបានបើកដំណើរការមុន និងស្ថានីយប្រេងឥន្ធនៈភីធីធី យ៉ាងតិចក៏ក្នុងរយៈចំងាយពី ២គ.ម ទៅ ៣គ.ម ដែរ។
 ២. ការបណ្តាក់ទុនដំបូង លោកអ្នកត្រូវបង់សេវាកម្មនៃការទទួលសិទ្ធិធុរកិច្ច Franchise ចំនួន ១៣,០០០ ដុល្លារអាមេរិច ដែលចំនួនទឹកប្រាក់នេះរួមបញ្ចូលទាំងថ្លៃសេវាកម្មរៀបចំហាងកាហ្វេ ថ្លៃសេវាកម្មរចនានិងគំនូសម៉ូត ព្រមទាំងផ្តល់ការហ្វឹកហ្វឺនដល់បុគ្គលិកចំនួន ៤រូប។ ដំណាក់កាលបន្ត លោកអ្នកត្រូវបង់ ៣ភាគរយ នៃតម្លៃសរុបកម្រៃប្រចាំខែ ដើម្បីជាវិភាគទានផ្នែកទីផ្សារ និង៣ភាគរយទៀតនៃតម្លៃសរុបកម្រៃប្រចាំខែដល់ក្រុមហ៊ុនផងដែរ។
៣. ឯកសារកិច្ចសន្យាផ្តល់សិទ្ធិធុរកិច្ចរយៈពេលចំនួន ៦ឆ្នាំ។ ៤. លោកអ្នកត្រូវបង់ទឹកប្រាក់កក់ចំនួន ៣,០០០ ដុល្លារអាមេរិច ទឹកប្រាក់នេះនឹងត្រូវបង្វិលជូនលោកអ្នកវិញនៅពេលដែលកិច្ចសន្យា​ផ្តល់សិទ្ធិធុរកិច្ចត្រូវបានបញ្ចប់ជាស្ថាបពរ។

 

 ក្រុមការងារ Café Amazon នឹងផ្តល់នូវសេវាកម្មចំពោះលោកអ្នកដែលទទួលបាននូវការ
ផ្តល់សិទ្ធិធុរកិច្ច ដែលជា franchisee ចាប់ផ្តើមតាំងពីដំណើរការនៃការរៀបចំហាង ហ្វឹកហ្វឺនបុគ្គលិក និងរៀបចំគ្រប់គ្រងដំណើរការទាំងមូលជាដើម។ លោកអ្នកដែលទទួលបាននូវការផ្តល់សិទ្ធិធុរកិច្ច ដែលជា franchisee មានភារៈទទួលខុសត្រូវលើការបណ្តាក់ទុន និងចំណាយទាំងឡាយ​លើបុគ្គលិកតែប៉ុណ្ណោះ។ ខាងលើជាលក្ខខណ្ឌចាំបាច់ដែលលោកអ្នកត្រូវមាន បើសិនជាមានចំណាប់អារម្មណ៍ចង់បណ្ដាក់ទុករកស៊ីជាមួយយីហោកាហ្វេដ៏ល្បីនេះ។ តើលោកអ្នកមានគ្រប់គ្រាន់ហើយឬនៅ?
 ប្រភព៖ Cafe Amazon

Comments